«កំពង់ផែពហុបំណងកំពត» ដែលមានតម្លៃប្រមាណ ១៤០លានដុល្លារ ត្រូវបានសម្ពោធនៅថ្ងៃនេះ»

ចុះផ្សាយ៖ នៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំពង់ផែពហុបំណងកំពត»

កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ក្នុងឆ្នាំ ២០០៥ និងទទួលបានអាជ្ញាបណ្ណ ដើម្បីអភិវឌ្ឍនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែពីក្រសួងសាធារណការនិង ដឹកជញ្ជូនក្នុងឆ្នាំ ២០១២ នៅលើផ្ទៃដីសរុបប្រមាណ ២០៧ហិកតា កាន់កាប់ដោយក្រុមហ៊ុនកំពតផត (Kampot Port Co., Ltd.)

គម្រោងអភិវឌ្ឍកំពង់ផែពហុបំណងកំពតដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលស្របទៅតាមលក្ខណៈបច្ចេកទេសរួមមាន៖ ចំណតនាវាប្រវែង ៤៥០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ មានបង្គោលចងពួរសម្រាប់នាវាចូលចត និងរបាំងសម្រាប់ការពារពីការប៉ះទង្គិច ទីធ្លាកុងតឺន័រទំហំ ៥៥,០០០ម៉ែត្រការ៉េ ឃ្លាំងស្តុកទំនិញទំហំ ៨,៨០០ម៉ែត្រការ៉េ និងអគារត្រួតពិនិត្យទំនិញទំហំ ១,៣៣០ម៉ែត្រការ៉េ ប៉ុស្តិ៍យាមនៅតាមច្រកចេញនិងចូល រោងចក្រអគ្គីសនីចំនួនពីរ ជាមួយអគាររដ្ឋបាលបីជាន់ដែលមានផ្ទៃដីសរុប ១,៦៨៩ ម៉ែត្រការ៉េ សម្រាប់បម្រើការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយនិងរដ្ឋាករ មន្ត្រីផ្នែកសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យច្រកចេញចូលសម្រាប់កំពង់ផែនិងមេបញ្ជាការផែ ព្រមទាំងការរៀបចំបន្ទប់សម្រាប់ប្រើប្រាស់ជាមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវាដែលប្រតិបត្តិការចេញនិងចូលក្នុងផ្លូវទឹកកំពង់ផែ។

គម្រោងអភិវឌ្ឍកំពង់ផែពហុបំណងកំពតដំណាក់កាលទី១ បានចំណាយថវិកាសាងសង់សរុបប្រមាណ ១៤០លានដុល្លារអាមេរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។

គម្រោងអភិវឌ្ឍកំពង់ផែពហុបំណងកំពតដំណាក់កាលទី២ និងទី៣

នឹងគ្រោងសាងសង់ក្នុងជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដើម្បីអនុញ្ញាតឱ្យនាវាដឹកទំនិញ ទម្ងន់រហូតដល់ ២០,០០០ DWT អាចចេញនិងចូលពីកំពង់ផែប្រកបដោយសុវត្ថិភាព និងក៏កំពុងតែសាងសង់ស្ថានីយសម្រាប់អ្នកដំណើរ។

កំពង់ផែពហុបំណងកំពតត្រូវបានគេរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជា ដោយកំពង់ផែពហុបំណងកំពតនឹងរួមចំណែកមិនត្រឹមតែលើការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកំពង់ពហុបំណងកំពតនឹងក្លាយជាកំពង់ផែទឹកជ្រៅបន្ថែមមួយទៀត ដែលនឹងធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ រាល់ការដឹកជញ្ជូនតាមមហាសមុទ្រពីកំពង់ផែពហុបំណងកំពតទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចដំណើរការបានដោយមិនចាំបាច់ឈប់ឬចូលចតនៅមជ្ឍមណ្ឌលកំពង់ផែណាមួយនោះឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យផ្លាស់ប្ដូរនាវានៅកំពង់ផែធំៗ មុនពេលទៅទីតាំងចុងក្រោយ។

Leave A Comment